កំពង់ស្ពឺ: យោងតាមសេចក្តីរាយការណ៍បឋមពីមន្ត្រីអាវុធហត្ថខេត្តម្នាក់បានឲ្យដឹងថា មុននេះបន្តិច សិក្ខាកាមជំនាញលោតឆត្រយោងនៃកងពល៩១១ម្នាក់ បានបាត់បង់ជីវិត ខណ:លោតឆត្រយោងពីលើឧទ្ធម្ភាគចក្រជួបបញ្ហាបច្ចេកទេស។
ហេតុការណ៍នេះកាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ ចំណុចភូមិក្តាន់រយ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
មន្ត្រីអាវុធហត្ថបានបញ្ជាក់ថា ពិតជាមានករណីនេះ កើតឡើងមែន តែខាងអង្គភាពមិនអនុញ្ញាតឲ្យថតរូប និងធ្វើរបាយការណ៍ជូនថ្នាក់លើឡើយ ហើយបានដឹកសពចេញពីទីលានយ៉ាងប្រញាប់ប្រញាល់បំផុត អាចយកទៅកាន់បន្ទាយ៩១១។
សិក្ខាកាមជំនាញឆត្រយោង៩១១ ដែលស្លាប់នោះមានឈ្មោះ ឡេស កម្រី ភេទប្រុស ជាជនជាតិខ្មែរឥស្លាម រស់នៅភូមិកំពុងកែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។
អ្នកឃើញហេតុការណ៍ពីចម្ងាយបានឲ្យដឹងថា មុនពេលលោតគេឃើញសិក្ខាកាមទាំងអស់ មានគ្នាប្រមាណ៤-៥នាក់ បានលោតចុះពីលើឧទ្ធម្ភាគចក្រ គេឃើញឆត្រផ្សេងៗទៀតបានគ្រលាស់ទាំងអស់ ដោយឡែកតែឆត្រ១ គឺឆត្ររបស់សិក្ខាកាមរងគ្រោះ មិនបានគ្រលាស់នោះទេ បណ្តាលឲ្យធ្លាក់មកដល់ដីស្លាប់ភ្លាមមួយរំពេច៕
មតិយោបល់