ព័ត៌មានជាតិ

អធិការរងស្រុកសូទ្រនិគម ជិះម៉ូតូបុកជាមួយរថយន្ត ស្លាប់យ៉ាងរន្ធត់!

សៀមរាប: លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលស្រុក សូទ្រនិគម បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង​ រវាងម៉ូតូរបស់អធិការរង ទទួលបន្ទុកការងារជនបរទេស នៃអធិការដ្ឋាននគរបាលស្រុកសូនិគម បានបុកជាមួយនឹងរថយន្តហ៊ីយ៉ាន់ដាយ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

ករណីនេះកើតឡើងនៅម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចលើផ្លូវជាតិលេខ៦ ក្នុងភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ជនរងគ្រោះដែលស្លាប់នេះ​ជា លោកវរសេនីយ៍ត្រី ឈួយ ឈឿន អាយុ៥៣ឆ្នាំ អត្តលេខ ១៣៥៥៩ ឋាន:អធិការរងទទួលបន្ទុកការងារជនបរទេសនៃអធិការដ្ឋាននគរបាលស្រុកសូនិគម ចូលបម្រេីការងារ១៩៨៦។ លោកបានជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់រីវ៉ូ ស៊េរីឆ្នាំ២០១០ ស្លាកលេខ នគរបាល ១ ៣៦៣១ បុកជាមួយនឹងរថយន្តដឹកដែក ម៉ាកហីុយ៉ានដាយ ពណ៌ស ស្លាកលេខ ភ្នំពេញ 3C-3848 បណ្ដាលឲ្យស្លាប់ក្រោយក្រុមការងារដឹកសង្គ្រោះដល់មន្ទីរពេទ្យបង្អែកសុខភាពស្រុកសូទ្រនិគម ក្រោយពីលោក ជិះម៉ូតូចុះបំពេញភារកិច្ចធ្វេីការត្រួតពិនិត្យអាវុធជាតិផ្ទុះ ដេីម្បីរក្សាសន្តិសុខជាតិក្នុងមូលដ្ឋាន។

ក្រោយកើតហេតុ អ្នកបេីកបររថយន្តបានគេចខ្លួនបាត់។ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាន រង់ចាំដោះស្រាយគ្នាបន្តទៀត និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់