ព័ត៌មានជាតិ

រថយន្តឃ្លុប បុករះរុញកៀបរថយន្ត៤គ្រឿង និងម៉ូតូកង់បី បង្កការភ្ញាក់ផ្អើលទាំងព្រឹក

ភ្នំពេញ: រថយន្តចំនួន៥គ្រឿង និងម៉ូតូកង់បីមួយគ្រឿងរងខូចខាត បន្ទាប់ពីរថយន្តកូរ៉េឃ្លុបចំណុះ៣តោនមួយគ្រឿង បើកលឿនជាន់ហ្វ្រាំងមិនជាប់ បុករះរុញ កៀបជាប់គ្នា ក្នុងទិសស្របគ្នា បង្កឲ្យកកស្ទះចរាចរណ៍ នៅត្រង់ចំណុចភ្លើងស្តុប ផ្លូវវេងស្រេង កែងផ្លូវទួលពង្រ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩។

ក្នុងចំណោមរថយន្ត៥គ្រឿង ដែលជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើ មានមួយគ្រឿង ខាងមុខគេ រងខូចខាតតិចតួច បានបើកចេញទៅមុនបាត់ ដោយមិននៅវែងឆ្ងាយទ្បើយ។

តាមប្រភពនៅកន្លែង ពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តបង្ក ម៉ាក ហ៊ីយ៉ាន់ដាយឃ្លុបចំណុះ៣តោន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-1380 ជារថយន្ត របស់ក្រុមហ៊ុនដឹកក្រដាស ធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនលឿន។ មកដល់ចំណុចកើតហេតុ បានបុករថយន្តសាំយ៉ាង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-5024 ខ្ទេចគូទក្រោយ ហើយរេទៅបុករុញរថយន្ត កូរ៉េឃ្លុប ម៉ាក Bongo ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-3131 ទៅផ្ទប់ជាមួយរថយន្តស្ទូច ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-5918 ហើយរថយន្តបន្តកៀរ ម៉ូតូកង់បីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HE-2421 រងខូចខាតខ្ទេចគូទក្រោយ រុញទៅឡើងខឿនចិញ្ចើមផ្លូវ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះទៅសម្រួលចរាចរណ៍ យករថយន្តទាំងនោះ ទៅដាក់កៀនម្ខាង រងចាំជំនាញមកវាស់វែង ដើម្បីរកដំណោះស្រាយ ៕

មតិយោបល់