ខេត្តបន្ទាយមានជ័យប្រជាពលរដ្ឋចំនួន៣៣នាក់ក្នុងនោះស្រី១៨នាក់និងកុមារ២នាក់ត្រូវបានកម្លាំង នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្ដបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលអូរបីជាន់នគរបាលវរការពារព្រំដែន ៩១១និងកម្លាំងយោធាវរ៥១៥កាលពីវេលាម៉ោង១២និង០៥នាទីរសៀល ថ្ងៃទី១២ខែឧសភាឆ្នាំ២០១៥ ឃាត់ខ្លួននៅចំណុចភូមិសាស្ត្រឃុំអូរបីជាន់ដែលកំពុងធ្វើដំណើរឆ្លងដែននិងខុសច្បាប់ទៅប្រទេសថៃ ។ មន្ដ្រីនគរបាលការិយាល័យប្រឆាំងការ ជួញដូរមនុស្សនិងការពារអនីតិជនបានឱ្យដឹងថា ពលករខ្មែរ ទាំង៣៣នាក់ក្នុងនោះនៅខេត្ដបន្ទាយមានជ័យ១៧នាក់ស្រី៩នាក់កុមារ២នាក់និងខេត្ដសៀមរាប ចំនួន១៦នាក់និងស្រី៩នាក់ ។ មន្ដ្រីនគរបាលរូបនេះបានបញ្ជាក់ទៀតថា ក្រោយការឃាត់ខ្លួនរួចមកពលករទាំងនេះត្រូវបានធ្វើការ អប់រំនិងណែនាំឱ្យត្រឡប់ទៅរកសុំច្បាប់ដើម្បីរៀបចំឲ្យក្លាយជាពលករស្របច្បាប់ ។
លោកឧត្ដមសេនីយ៍ អាត់ ខែមស្នងការនគរបាលខេត្ដបន្ទាយមានជ័យបានបញ្ជាក់ថាចំពោះយុទ្ធនាការ ទប់ស្កាត់សកម្មភាពឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសជិតខាងនោះលោកបានដាក់ផែនការ ឱ្យនគរបាលតាមវរទាំង៤និងនគរបាលតាមស្រុក ជាប់ព្រំដែនប្រទេសថៃត្រូវធ្វើការចុះល្បាតជាប្រចាំនិងទប់ស្កាត់កុំឱ្យមានសកម្មភាពបែបនេះកើតឡើង ។
លោកបញ្ជាក់ថា រាល់ពលករដែលត្រូវឃាត់ខ្លួនពេលកំពុងធ្វើដំណើរឆ្លងដែនដោយខុសច្បាប់ទៅ ប្រទេសថៃនោះត្រូវបានយកមកពន្យល់ណែនាំពីបញ្ហាប្រឈមនិងគ្រោះថ្នាក់ផ្សេងៗដែលទៅធ្វើការ និងរស់នៅដោយគ្មាន ច្បាប់ទម្លាប់នៅ ប្រទេសគេ ហើយងាកមកវិញ ត្រូវធ្វើដោយមានឯកសារ ច្បាប់ត្រឹមត្រូវ ទើបមានសុវត្ថិភាព ។ សម្រាប់ប្រជាពលរដ្ឋទាំង៣៣នាក់ក្រោយពីសមត្ថកិច្ចធ្វើការពន្យល់ណែនាំនិងអប់រំរួចមកបានអនុញ្ញាតឱ្យពួកគេត្រឡប់លំនៅឋានវិញនៅរសៀលថ្ងៃដដែលនេះផងដែរ ៕